ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបញ្ជាក់ថា ខ្លួនបាន «ត្រៀមរួចរាល់ហើយ» ដើម្បីផ្ទេរអំណាចរដ្ឋបាលទៅឲ្យគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន ដែលទើបបង្កើតថ្មី ដែលមានភារកិច្ចគ្រប់គ្រងតំបន់ហ្គាហ្សា ក្នុងដំណាក់កាលក្រោយសង្គ្រាម។ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា ក្រុមហាម៉ាស បានសន្យាថានឹងធានា «ការផ្លាស់ប្តូរដោយរលូន និងប្រកបដោយរបៀបរៀបរយ» ដើម្បីការពារសិទ្ធិវិស័យសាធារណៈ និងធានានូវនិរន្តរភាពសម្រាប់សេវាកម្មសំខាន់ៗសម្រាប់ជនស៊ីវិល។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើង ក្រោមផ្នែកមួយនៃដំណាក់កាលទី 2 នៃកិច្ចព្រមព្រៀងសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ជាថ្នូរនឹងការបញ្ចប់ទាំងស្រុងនូវ «ការឈ្លានពាន» របស់អ៊ីស្រាអែលនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស ក៏បានសង្កត់ធ្ងន់លើ «សិទ្ធិដើម» របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការកសាងឡើងវិញ តាមរបៀបដែល «រក្សាសិទ្ធិជាតិ និងអធិបតេយ្យភាពរបស់ជនជាតិប៉ាឡេស្ទីន» និងបានបញ្ជាក់ជាថ្មីម្តងទៀត នូវគោលដៅនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
