កណ្តាល៖ 

បុរសជាជនរងគ្រោះម្នាក់ បានសម្រាកសម្រានក្នុងអង្រឹងរាងកាយស្តូកស្តឹង ស្លាប់ដោយគាំងបេះដូង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រពន្ធកូន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង០០នាទីថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ នៅចំណុចក្នុងអង្រឹងនៅលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថាសពបុរសជនរងគ្រោះមានឈ្មោះ ណុប ណាត អាយុ៥៦ឆ្នាំជនជាតិខ្មែរ  មុខរបរ កសិករ។  ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកអធិការ បានបញ្ជាអោយលោកអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ សហការជាមួយលោកគ្រូពេទ្យ ព្រមទាំងអាជ្ញាធរមូលដ្ធាន ចុះទៅពិនិត្យករណីមនុស្សស្លាប់ ដល់លំនៅដ្ឋានរបស់ជនរងគ្រោះ ។   

តាមការបំភ្លឺរបស់ឈ្មោះ កែវ ធិមភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានអោយសមត្ថកិច្ចយើងដឹងថា÷កន្លងមក ប្ដីរបស់គាត់មិនដែលមានជំងឺប្រចាំកាយអ្វីនោះទេ  ទើបតែថ្ងៃទី២៤ខែមករាឆ្នាំ ២០២៦ ជនរងគ្រោះបានប្រាប់ប្រពន្ធថាមិនសូវស្រួលខ្លួន។ ប្រពន្ធក៏បានទៅជួលគេអោយមកកោសខ្យល់អោយ។ ពេលកោសខ្យល់រួច ប្តីរបស់គាត់ ក៏បានធូរស្រាលជាធម្មតា និងបានដើរធ្វើការងារ

ដូចរាល់ដង ហើយ នៅមុនពេលកើតហេតុ  ជនរងគ្រោះបានឡើងទៅចងអង្រឹងសម្រាកនៅលើផ្ទះដូចសព្វមួយដង។ លុះស្ងាត់យូរពេកមិនឃើញប្តីចុះមកក្រោម  ប្រពន្ធក៏បានឡើងទៅហៅផង គោះទ្វាផង តែមិនឮប្តីគាត់ឆ្លើយតប ។ ដោយទ្វារមានចាក់គន្លឹះខាងក្នុង  ទើបប្រពន្ធបានហៅកូនប្រុសឈ្មោះណាត ជំនន់ អោយមកជួយហៅ តែមិនឮឳពុកឆ្លើយតបដដែល  ទើបកូនប្រុសសម្រេចធាក់ទ្វារផ្ទះអោយរបើក ក៏ឃើញឪពុកដេកស្លាប់នៅក្នុងអង្រឹងបាត់ទៅហើយ   បន្ទាប់មក ក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយសមត្ថកិច្ចជំនាញពិនិត្យយ៉ាងម៉ត់ចត់ល្អិតល្អន់ ទៅលើសពជនរងគ្រោះ និងយោងលោកគ្រូពេទ្យ បានដាក់សេចក្តីសន្និដ្ឋានថា÷គឺជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។ រួចហើយ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕