ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់កូនខ្លាធំ ១គូ (ញី និងឈ្មោល) ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីយកទៅសង្គ្រោះ និងអភិរក្សឱ្យបានគង់វង្ស

National • January 20, 2026
 ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់កូនខ្លាធំ ១គូ (ញី និងឈ្មោល) ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីយកទៅសង្គ្រោះ និងអភិរក្សឱ្យបានគង់វង្ស

មណ្ឌលគិរី៖ 

ក្នុងស្មារតីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសប្រភេទសត្វព្រៃដែលកំពុងប្រឈមនឹងការផុតពូជ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើការប្រគល់កូនខ្លាធំចំនួន ២ក្បាល ជូនដល់មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីយកទៅថែរក្សា និងបន្តនីតិវិធីអភិរក្សតាមបច្ចេកទេស។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានឱ្យដឹងថា កូនខ្លាធំទាំង ២ក្បាលនេះ មានអាយុប្រមាណជិត ១ឆ្នាំ ក្នុងនោះមាន ភេទញី ១ក្បាល និងភេទឈ្មោល ១ក្បាល។ ក្រោយពីទទួលបានកូនខ្លាទាំងនេះពីសប្បុរសជន លោកបានធ្វើការទំនាក់ទំនងទៅកាន់មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីភ្លាមៗ ដើម្បីប្រគល់ជូនពួកគាត់យកទៅគ្រប់គ្រង និងមើលថែទាំតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ដល់សត្វដែលជិតផុតពូជប្រភេទនេះ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានមានប្រសាសន៍បន្ថែមថា ការសម្រេចប្រគល់សត្វកម្រទាំងនេះជូនមន្ត្រីជំនាញ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារជីវចម្រុះ និងធានាថាពូជសត្វដ៏មានតម្លៃនេះនឹងមិនបាត់បង់ជារៀងរហូតនោះឡើយ។ លោកបានបញ្ជាក់ថា សត្វព្រៃកម្រដូចជាខ្លាធំ ត្រូវការកន្លែងរស់នៅធំទូលាយ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីអ្នកជំនាញ។

ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការបរបាញ់ ការដាក់អន្ទាក់ ឬការជួញដូរសត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទសត្វកម្រដែលជិតផុតពូជ។ ប្រសិនបើបងប្អូនប្រទះឃើញសត្វកម្រទាំងនេះ សូមរាយការណ៍ និងផ្ដល់ដំណឹងមកមន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយសង្គ្រោះ និងរួមគ្នាអភិរក្សប្រភេទសត្វទាំងនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយតទៅទៀត៕ 







x Enlarged Image