យោងតាមសមាជិកនៃគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់ប្រទេសអីរ៉ង់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធប្រទេសអ៊ីរ៉ង់ បានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នពេញលេញ ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយយោធារបស់សត្រូវនាពេលបច្ចុប្បន្ន ពោល គឺបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការបញ្ជូនកងកម្លាំងជើងទឹកដ៏ «ធំសម្បើម» មួយឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ លោក មូហាម៉ាដដ្រេសា មូសេនី សានី សមាជិកម្នាក់នៃគណៈកម្មការ បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ ក៏កំពុងតាមដានជាបន្តបន្ទាប់នូវសកម្មភាពបង្កជម្លោះទាំងអស់នៅក្នុងតំបន់ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពវាយប្រហារណាមួយ។ ប្រសិនបើអ៊ីរ៉ង់ប្រឈមមុខនឹងការរំលោភបំពានណាមួយ ខ្លួននឹងចាប់ផ្តើមការវាយប្រហារយ៉ាងសាហាវ ដែលនឹងកំណត់គោលដៅលើផលប្រយោជន៍របស់អាមេរិកនៅទូទាំងតំបន់។