មហាជនអ្នកគាំត្របាននិងកំពុងរំភើប ស្របពេលដែលថ្មីៗនេះ អតីតតារាចម្រៀងកូនខ្មែរកាត់ចិន ដ៏ល្បីល្បាញរបស់ផលិតកម្មថោនភាពយន្ត លី អ៊ីវ៉ាធីណា និងគូដណ្តឹងដែលជាស្រីដូចគ្នា បានក្រាបផ្ទឹមមង្គលការតាមប្រពៃណី នៅមុខមេបាទាំងសងខាង។ នេះបើយោងតាមការបង្ហោះនៅលើ        បណ្តាញសង្គមហ្វេសប៊ុក ពីសាមីខ្លួនផ្ទាល់ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ កន្លងមក។ 

ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលនេះ ពួកគេត្រូវបានសាធារណជន ជាពិសេសអ្នកនិយមគាំទ្របទចម្រៀងរបស់តារាស្រីរូបនេះផ្ទាល់តែម្តង បាននាំគ្នាសម្តែងក្តីត្រេកអរសាទរ ថែមទាំងបានជូនពរពាក្យល្អៗ ចំពោះគូស្វាមីភរិយាថ្មោងថ្មីនេះផងដែរ។ 

យ៉ាងណាមិញ នៅក្នុងពិធីមង្គលការរបស់តារាចម្រៀងខាងលើ គេក៏សង្កេតឃើញដែរថា មិនបានរៀបចំជាលក្ខណៈធំដុំនោះឡើយ គឺជាការរៀបចំបែបលក្ខណៈគ្រួសារ ដោយមានត្រឹមតែសាច់ញាតិគ្រួសារទាំងសងខាង និងមិត្តជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះ តារាចម្រៀង លី អ៊ីវ៉ាធីណា ក៏បានថ្លែងការដឹងគុណដល់ឪពុកម្តាយទាំងសងខាង ដែលបានសម្រេចក្តីបំណងរបស់ពួកគេ និងថែមទាំងបានលើកឡើងនៅលើទំព័រហ្វេសប៊ុកឱ្យដឹងបន្ថែមថា កម្មវិធីរៀបចំតូចធំមិនសំខាន់ អ្វីដែលសំខាន់ គឺការមានសេចក្តីសុខ។

គួរជម្រាបថា អ្នកគាំទ្រធ្លាប់រំភើបជាមួយស្នេហារបស់ពួកគេម្តងរួចមកហើយ អំឡុងពេលដែលគូស្នេហ៍ស្រីដូចគ្នា បានសុំ លី អ៊ីវ៉ាធីណា រៀបការនៅក្នុងអាងទឹកដ៏ភ្ញាក់ផ្អើល និងបានភ្ជាប់ពាក្យជាផ្លូវការ ដោយមានចាស់ទុំដឹងលឺ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ៕