អ្នកបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្តការបោះឆ្នោតក្នុងដំណាក់កាលទីពីរ បន្ទាប់ពីចំនួនអ្នកបោះឆ្នោតជុំដំបូង ស្ថិតក្នុងកម្រិតទាបបំផុត។ គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព ដែលគាំទ្រដោយរបបយោធា កំពុងនាំមុខគេដោយគម្លាតដ៏ធំបន្ទាប់ពីឈ្នះ 90 អាសនៈក្នុងចំណោម 102 អាសនៈ នៃសភាជាន់ទាប ក្នុងដំណាក់កាលទីមួយនៃការបោះឆ្នោតកាលពីថ្ងៃទី 28 ខែធ្នូ ដែលមានចំនួនអ្នកបោះឆ្នោតត្រឹមតែ 52.13% ប៉ុណ្ណោះ ពោល គឺទាបជាងការបោះឆ្នោតកាលពីឆ្នាំ 2020 និង 2015 ស្របពេលដែលជុំចុងក្រោយនៃការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី 25 ខែមករាខាងមុខ។ គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិល ចាប់តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ 2021។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ដែលបានឈ្នះការបោះឆ្នោតចុងក្រោយកាលពីឆ្នាំ 2020 ត្រូវបានរំលាយចោល រួមជាមួយគណបក្សប្រឆាំងរាប់សិបផ្សេងទៀត ដោយសារតែមិនបានចុះឈ្មោះសម្រាប់ការបោះឆ្នោត និងការបដិសេធមិនចូលរួមរបស់ក្រុមឧទ្ទាម ស្របពេលដែលអង្គការសហប្រជាជាតិ ប្រទេសលោកខាងលិចជាច្រើន និងក្រុមសិទ្ធិមនុស្សបាននិយាយថា ការបោះឆ្នោតនេះ គឺជាការក្លែងបន្លំ មិនមានសេរីភាព យុត្តិធម៌ ឬគួរឲ្យទុកចិត្តឡើយ។
