កិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ដែលមានការចូលរួមពីគណៈប្រតិភូអាមេរិក នៅក្នុងទីក្រុងអាប៊ូដាប៊ី របស់ប្រទេសអារ៉ាប់រួម ត្រូវបានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀងជាក់លាក់ ឬសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះទេ។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ មានការចូលរួមពីបេសកជនប្រធានាធិបតីអាមេរិក លោក ស្ទីវ វីដអូហ្វ និងកូនប្រសាររបស់ប្រធានាធិបតី ត្រាំ គឺលោក ចារេដ ឃុសណឺ ប្រធានចារកម្មយោធារបស់រុស្ស៊ី លោក អីហ្គ័រ កូសយូខូវ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក រូស្តេម អ៊ូមឺរូហ្វ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីភាគីរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះដែរ ក៏ជាការចូលរួមត្រីភាគីលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022។ កិច្ចចរចារនេះ មានគោលបំណងលើកកម្ពស់ការសន្ទនា និងស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយវិបត្តិសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។