អ្នកលេងបណ្តាញសង្គមច្បាស់ជាបានជ្រាបរួចមកហើយនូវដំណឹង ដែលបងប្រុសបង្កើតរបស់តារាសម្តែងស្រីឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា អ្នកនាង ឌី សូនិត្តា បានចុះទៅបំពេញភារកិច្ចបម្រើជាតិ អំឡុងពេលមានជម្លោះព្រំដែន កម្ពុជា និង ថៃ កាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ តារា សម្តែងរូបនេះ តែងតែក្រើនរំលឹក និងបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពបងប្រុសរបស់អ្នកនាង នៅលើបណ្តាញសង្គមជារឿយៗ ដោយក្នុងនោះផងដែរ មហាជនអ្នកគាំទ្រ ក៏បានចូលរួមសម្តែងការព្រួយបារម្ភ និងបានលើកទឹកចិត្តដល់ សូនិត្តា ជាបន្តបន្ទាប់។
យ៉ាងណាមិញ ដូចពាក្យចាស់លោកពោលថា «ក្រោយភ្លៀង មេឃស្រលះ» អ្នកនាង ឌី សូនិត្តា និងក្រុមគ្រួសារ បានជួបជុំបងប្រុសរបស់ខ្លួនវិញ យ៉ាងរំភើបរីករាយ រហូតស្រក់ទឹកភ្នែកសស្រាក់ ស្របពេលដែល ទាហានជួរមុខជាច្រើនរូប ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់មកកាន់ផ្ទះសម្បែង ដើម្បីជួបជុំសាច់ញាតិ ក្រោយស្ថានការណ៍នៅតាមជួរបន្ទាប់ព្រំដែន ដែលថៃបានរំលោភបំពាន មានសភាពស្ងប់ស្ងាត់។
ទន្ទឹមនឹងអារម្មណ៍រំភើប ស្របពេលដែលបងប្រុសបានវិលត្រលប់មកវិញដោយសុវត្ថិភាព ឌី សូនិត្តា បានរៀបរាប់អារម្មណ៍យ៉ាងដូច្នេះថា អ្នកនាងមានអារម្មណ៍ស្ងប់ចិត្ត បើទោះបីបងប្រុសរបស់អ្នកនាងបានមកលេងផ្ទះត្រឹមរយៈពេលខ្លី ២ ទៅ ៣ ថ្ងៃក៏ដោយ។
តារាស្រីរូបនេះបន្តថា៖ «ខ្ញុំពិតជាអរគុណនូវទឹកចិត្តបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរទាំងអស់ បានបារម្ភពីគ្រួសារខ្ញុំ ក៏ដូចជាកងទ័ពខ្មែរទាំងអស់ ពួកគាត់ពិបាកណាស់ អ្វីក៏ជួបមិនស្រួលដូចយើង ជួរក្រោយទេ ស្តាប់លឺ ឬឃើញតាមបណ្តាញសង្គម ពិតជាមិនរន្ធត់ដល់ជួបពិតទេ បងប្រុសខ្ញុំឲ្យតែរំលឹកដល់កន្លែងគាត់ឆ្លងកាត់គាត់យំ គាត់មិននឹកស្មានថា គាត់អាចរស់បាន គាត់កុហកគ្រួសារ រហូតដល់បានជួបបានប្រាប់ការពិត ស្តាប់លឺផ្ទាល់ទើបខ្ញុំដឹងថា បងខ្ញុំអស្ចារ្យណាស់ បងខ្ញុំដូចប៉ាខ្ញុំណាស់ ប៉ាតាមថែបងប្រុសខ្ញុំដូចការបួងសួងពិតមែន ទោះបីបងប្រុសមកផ្ទះរយះពេលខ្លីតែវាពិតជាមានន័យសម្រាប់គ្រួសារខ្ញុំណាស់ ហោចណាស់ក៏អាចសម្រួលអារម្មណ៍គ្រួសារខ្ញុំបានខ្លះដែរ អរគុណថ្នាក់លើដែលយោគយល់ណាស់»។
សូមបញ្ញាក់ដែរថា បងប្រុសរបស់អ្នកនាង ឌី សូនិត្តា គឺជាកងទ័ពជួរមុខ ដែលបានបំពេញភារកិច្ចនៅតំបន់ក្រហម អំឡុងពេលមានសង្គ្រាមដ៏ក្តៅគគុករវាង កម្ពុជា-ថៃ កាលពីពេលកន្លងទៅ។ ដោយឡែក ការមកជួបជុំសាច់ញាតិនេះ បងប្រុសរបស់តារាស្រីខាងលើ មានរយៈពេលត្រឹមតែ ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ ព្រោះលោកនឹងត្រូវត្រលប់ទៅឈរជើងនៅតាមព្រំដែនវិញ ដើម្បីការពារពីការលួចវាយប្រហារពីខ្មាំងសត្រូវ៕
