ក្រុមនយោបាយសំខាន់ៗរបស់សភាអឺរ៉ុបបានប្រកាសថា ពួកគេនឹងពន្យារពេលនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានសម្រេចរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក យោងតាមការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនឡែន។ ក្រោមកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីខែកក្កដា ឆ្នាំមុន រវាងលោកប្រធានាធិបតី ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី អឺសូឡា វុន ឌឺ ឡេយែន គឺសហរដ្ឋអាមេរិក យល់ព្រមដាក់ពន្ធត្រឹមតែ 15% លើទំនិញរបស់សហភាពអឺរ៉ុប ជាថ្នូរនឹងពន្ធ 0% សម្រាប់ទំនិញរបស់អាមេរិកទៅកាន់សហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានប្រកាសថា ចាប់ពីថ្ងៃទី 1 ខែកុម្ភៈខាងមុខ អាមេរិកនឹងបន្ថែមពន្ធ 10% លើទំនិញទាំងអស់ពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ បន្ទាប់ពីក្រុមប្រទេសអឺរ៉ុបទាំង 8 នេះ ប្រឆាំងនឹងផែនការគ្រប់គ្រងកោះ ហ្រ្គីនលេន របស់លោក ខណៈដែលអត្រាពន្ធ នឹងឡើងដល់ 25% នៅថ្ងៃទី 1 ខែមិថុនាខាងមុខ ហើយនឹងបន្តរហូតដល់កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចសម្រាប់ការយល់ព្រមលក់កោះនេះ ឲ្យអាមេរិក។
