ភ្នំពេញ៖ 

ទីតាំងម៉ាស្សាចំនួន ៣កន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌចំការមននិងខណ្ឌបឹងកេងកង ចុះឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីបទបន្លំប្រាក់ក្លែងក្លាយ ឆបោក និងលួចលុយ ជនបរទេសព្រមទាំងដកហូតប្រាក់ក្លែងក្លាយជាច្រើន។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ តាម រយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយអះអាងថា ខ្លួនបានចូលទៅហាងម៉ាស្សាមួយ កន្លែងយីហោ ”ម៉ាស្សាបែបបុរាណ” ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីម៉ាស្សារួចខ្លួនក៏ត្រឡប់ទៅសណ្ឋាគារវិញ ក៏បានដឹងថាខ្លួនត្រូវបានគេ លួចដូរលុយ ដុល្លារ ពិតប្រាកដដាក់លុយដុល្លារក្លែងក្លាយចំនួន 1,400$ ខ្លួនក៏បានពិភាក្សាជាមួយ បុគ្គលិកសណ្ឋាគារ ហើយបុគ្គលិកសណ្ឋាគារណែនាំឲ្យខ្លួនទូរសព្ទប្តឹងទៅសមត្ថកិច្ច តែម្ដង។ 

បន្ទាប់ពីទទួលបានបណ្តឹង រហូតមកដល់ម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានឆ្មក់ចូលបង្ក្រាបឆែកឆេរដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន០៧នាក់ (ស្រី០៥) ព្រមទាំងដកហូតប្រាក់ដុល្លារក្លែងក្លាយមួយចំនួននាំយកមកអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ 

បន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបន្តធ្វើការចុះឆែកឆេរ នៅទីតាំងទីពីរដាក់ស្លាកយីហោ”ម៉ាស្សា”ស្ថិតនៅផ្ទះលេខ181 ផ្លូវលេខ63 ភូមិ02 សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានថៅកែឈ្មោះ ស្រស់ (គេចខ្លួន) រួចចាប់ខ្លួនជនសង្ស័យជាអ្នកមើលការខុសត្រូវចំនួន០១នាក់ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ ព្រមទាំងរកឃើញលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក បន្ទាប់មកទៀតជំនាញបានបន្តឆែកឆេរនៅទីតាំងទីបី ដាក់ស្លាកយីហោម៉ាស្សា ម៉ាស្សា ស្ថិតនៅផ្ទះលេខ11 ផ្លូវលេខ278 ភូមិ05 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់ ព្រមទាំងលុយដុល្លារក្លែងក្លាយ ជាច្រើន នាំយកមកដើម្បីចាត់ការបន្តតាមនីតិវិធី។

បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញ ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងអំពើល្មើសខាងលើមានចំនួន០៥នាក់រួមមាន៖ 1- ឈ្មោះ ផេង សុខឡៃ ភេទស្រី អាយុ៤៤ឆ្នាំ, 2-ឈ្មោះ អឿន សំអន ភេទប្រុស អាយុ៤៧ឆ្នាំ, 3-ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ, 4-ឈ្មោះ ទ្រី ស៊ីម៉ា ភេទស្រី អាយុ២៣ឆ្នាំ, 5-ឈ្មោះ ទុយ ម៉ែងហ័ង ភេទស្រី អាយុ១៩ឆ្នាំ។ ចំណែកឯអ្នកមិនពាក់ព័ន្ធចំនួន០៣នាក់ទៀតអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕