លោកប្រធានាធិបតីប្រទេសកូឡុំប៊ី ហ្គូសតាវូ ផេត្រូ បានប្រកាសថា លោកបានទទួលយកសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដើម្បីជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាលើកដំបូងរបស់មេដឹកនាំទាំងពីរ ដែលបានជួយបន្ធូរបន្ថយភាពតានតឹង។ លោក ផេត្រូ បានថ្លែងបញ្ជាក់ថា លោកនឹងបន្តតស៊ូមតិសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត និងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការសន្ទនាដោយសន្តិវិធី។ ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ ក៏បានបង្ហោះសារបញ្ជាក់នៅលើបណ្តាញសង្គម ទ្រូស ថា កិច្ចសន្ទនានេះរវាងលោក និងលោក ផេត្រូ គឺមានភាពស្និទ្ធស្នាល ហើយកិច្ចប្រជុំនឹងត្រូវរៀបចំធ្វើឡើងនៅសេតវិមានសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ។គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនារវាងមេដឹកនាំទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកើនឡើង ពោល គឺបន្ទាប់ពីប្រតិបត្តិយោធារបស់អាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡា និងការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ។