លោកប្រធានាធិបតី ត្រាំ ប្រកាសបញ្ជាក់ថា កងកម្លាំងអាមេរិក «យ៉ាងច្រើនសន្ធឹកសន្ធាប់» កំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិក បានបញ្ជូនកងកម្លាំងជើងទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ខណៈដែលលោកបញ្ជាក់ថា លោកចង់ជៀសវាងជម្លោះ តែក៏កំពុងតាមដានស្ថានការណ៍អីរ៉ង់យ៉ាងដិតដល់ផងដែរ ហើយអត្រាពន្ធ 25% ដែលបានប្រកាសដាក់លើប្រទេស ដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់នេះ នឹងចូលជាធរមានក្នុងពេល "ឆាប់ៗ" ខាងមុខ។ យោងតាមទិន្នន័យតាមដាននាវាបានឲ្យដឹងថា នាវាចម្បាំង យូអែសអែស អាប្រាហាម លីន ខន រួមជាមួយនាវាពិឃាតចំនួនបីគ្រឿងទៀត ត្រូវបានប្រទះឃើញ កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ពីតំបន់អាស៊ី ខណៈដែលនាវាចម្បាំង យូអែសអែស ចច ប៊ូស ក៏បានចាកចេញពីរដ្ឋ វឺជីនៀរ ទៅកាន់ទ្វីបអឺរ៉ុប។ លោក ម៉ូហាម៉ាដ ផាគួរ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានព្រមានថា អាមេរិក និងអ៊ីស្រាអែល គួរតែ «រៀនពីប្រវត្តិសាស្ត្រ» និង «ធ្វើការថ្លឹងថ្លែងឲ្យបានច្បាស់លាស់» ដើម្បីជៀសវាង «លទ្ធផលដ៏ឈឺចាប់ និងស្តាយក្រោយ»។ រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក អាបាសអារ៉ាគី ក៏បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ «តែងតែជ្រើសរើសសន្តិភាពជាជាងសង្គ្រាម» តែបើអីរ៉ង់ ប្រឈមនឹងការវាយប្រហារណាមួយនោះ «កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់យើង នឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបជាមួយអ្វីគ្រប់យ៉ាងដែលយើងមាន» នោះដែរ។ យោធាអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុតណាមួយ ហើយក៏ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ។