មេដឹកនាំនៃប្រទេសអឺរ៉ុបចំនួន 7 បានបញ្ជាក់ជាថ្មីថា តំបន់ ហ្រ្គីនលេន «ជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន» និងសង្កត់ធ្ងន់ថា បញ្ហាទាក់ទងនឹងប្រទេសដាណឺម៉ាក និងតំបន់ ហ្រ្គីនលេន ត្រូវតែដោះស្រាយសម្រេចដោយប្រទេសដាណឺម៉ាក និង ហ្រ្គីនលេន ប៉ុណ្ណោះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីដាណឺម៉ាក ម៉េដ ហ្រ្វីឌឺរីសិន ប្រធានាធិបតីបារាំង អ៊ែម ម៉ានូអែលម៉ាក្រុង អធិការបតីអាល្លឺម៉ង់ ហ្រ្វីឌ្រីក មឺស នាយករដ្ឋមន្ត្រីអ៊ីតាលី ចច ជា មេឡូនី នាយករដ្ឋមន្ត្រីប៉ូឡូញ ដូណាល់ ធុស នាយករដ្ឋមន្ត្រីអេស្ប៉ាញ ផេដ្រូ សានឆែស និងនាយករដ្ឋមន្ត្រីអង់គ្លេស គៀរ ស្តាមឺ បានប្រកាសថា តំបន់ ហ្រ្គីនលេន ជាកម្មសិទ្ធិរបស់ប្រជាជនខ្លួន ហើយក៏ជាការសម្រេចរបស់ប្រទេសដាណឺម៉ាក និង ហ្រ្គីនលេន ប៉ុណ្ណោះ ទាក់ទាងនឹងអនាគតរបស់ពួកគេ។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់ថា សន្តិសុខនៅតំបន់អាកទិក នៅតែជាអាទិភាពចម្បងសម្រាប់អឺរ៉ុប និងមានសារៈសំខាន់សម្រាប់សន្តិសុខអន្តរជាតិ និងអន្តរអាត្លង់ទិក។ ប្រទេសដាណឺម៉ាក រួមទាំងតំបន់ ហ្រ្គីនលេន គឺជាផ្នែកមួយនៃអង្គការណាតូ ហើយសន្តិសុខនៅតំបន់ អាកទិក ត្រូវតែសម្រេចបានរួមគ្នាជាមួយសម្ព័ន្ធមិត្តទាំងអស់របស់អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិកផងដែរ ដោយគោរពតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបំពានបាននៃព្រំដែន។
