៤ក្រុមក្នុងលីគកំពូលកម្ពុជាបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន ដែលជាក្រុមឡើងមកពីថ្នាក់ខេត្ត ក្នុងលទ្ធផលដាច់ឆ្ងាយៗ នៅក្នុងការប្រកួតជើងទី១វគ្គនៃ១៦ក្រុមថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៥-២០២៦។

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងនូវលទ្ធផល៤ប្រកួតនៅជើងទី១នេះ រួមមាន៖ ម្ចាស់ផ្ទះ បាត់ដំបងយូណាយធីត ប្រកួតចាញ់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ២ទល់និង៥, ម្ចាស់ផ្ទះ ខេត្តត្បូងឃ្មុំ ចាញ់ ភ្នំពេញក្រោន ០ទល់និង៣, ឡាយអ៊ិនឃីងខេត្តសៀមរាប ចាញ់ បឹងកេត ០ទល់និង៩ ខណៈម្ចាស់ផ្ទះ ភ្នំពេញហ្គាឡាក់ស៊ី របូតគ្រាប់បាល់ជាមួយក្រុមវិសាខា រហូតដល់ ០ទល់១៣ ឯណោះ។ 

តាមរយៈជ័យជម្នះនៅជើងទី១នេះរបស់ក្រុមទាំង៤ ដែលកំពុងឈរជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជានេះកាន់តែកក់ក្តៅយ៉ាងខ្លាំង ក្នុងការកក់កៅអីសម្រាប់វគ្គ៨ក្រុមចុងក្រោយ បើទោះបីជាក្រុមទាំង៤នេះនឹងត្រូវបន្តប៉ះគ្នានៅជើងទី២ម្តងទៀត ដើម្បីកាត់សេចក្តីយ៉ាងណាក្តី។

ដោយឡែកសម្រាប់៤ប្រកួតផ្សេងទៀតសម្រាប់ជើងទី១នឹងត្រូវធ្វើឡើងនាថ្ងៃទី២៨មករា ខាងមុខ។ ចំពោះការប្រកួតជើងទី២ វគ្គ១៦ក្រុមថ្នាក់ជាតិនេះនឹងត្រូវធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ សម្រាប់៣ប្រកួត ខណៈ៥ប្រកួតទៀតគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ខែកុម្ភៈខាងមុខ ដើម្បីស្វែងរក៨ក្រុមខ្លាំងៗឡើងទៅវគ្គ៨ក្រុម ឬវគ្គ១/៤ ដែលនឹងត្រូវដំណើរពីថ្ងៃទី២៥ ខែកុម្ភៈតទៅ៕