សហព័ន្ធកីឡាវាយសីកម្ពុជាគ្រោងនឹងរៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់៧មករា រយៈពេល២ថ្ងៃ ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ដោយមាន១០វិញ្ញាសា សម្រាប់កីឡាករវ័យចាស់មានជនបរទេសចូលរួម មានការប្រកួតតាមប្រភេទអាយុរហូតដល់ក្រុមកុមារបន្តវេនក្រោម១២ឆ្នាំ។

 សហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០២៦ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ នៅក្លឹបកីឡាវាយសី TR Hope ក្រុងព្រះហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម លី កុសល មានប្រសាសន៍ថា ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា ឆ្នាំ២០២៦នេះ គឺជាលើកទី២៥ហើយ។ ការប្រកួតនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងអបអរសាទរទិវាជ័យជម្នះ ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់បាត់បង់ជីវិត និងរស់នៅយ៉ាងលំបាកវេទនាជាទីបំផុតរកអ្វីមកប្រៀមផ្ទឹមពុំបាន។ តាមការប្រកួតនេះក៏ជាការរម្លឹកគុណគ្មានថ្ងៃបំភ្លេចបាន ហើយទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ បានធ្វើឱ្យប្រជាជនមានជីវិតរស់រានមកវិញ កសាងជីវភាពថ្មីក្នុងក្តីសង្ឈឹម នៃសុភមង្គមក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រៅពីការរំលឹកដឹងគុណដល់ថ្ងៃជាប្រវត្តិសាស្រ្ត ការប្រកួតរយៈពេល២ថ្ងៃនេះ ក៏ជាការបំផុសឱ្យវិស័យកីឡាវាយសីនៅក្នុងខេត្តព្រះសីហនុកាន់តែផុសផុល ដើម្បីទាក់ទាញយុវជនវ័យក្មេងចូលរួមមកលេង និងហ្វឹកហាត់កីឡាវាយសីបានកាន់តែច្រើន ដោយអាចបណ្តុះយុវជនមានសមត្ថភាពទេពកោសល្យចូលរួមជាថ្នាល. នៃវិស័យកីឡាវាយសីរបស់កម្ពុជា។ ជាមួយគ្នានោះ   រដ្ឋបាលខេត្តព្រះសីហនុបានយកព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់៧មករា ឆ្នាំ២០២៦ ផ្សាភ្ជាប់ដល់ការជំរុញវិស័យទេសចរណ៍របស់ខេត្តផងដែរ៕