ប្រទេសថៃ បានពង្រឹងការត្រួតពិនិត្យសុខភាពនៅតាមអាកាសយានដ្ឋានសំខាន់ៗ ដូចជា សុវណ្ណភូមិ ដនមឿង និងភូកេត បន្ទាប់ពីការផ្ទុះឡើងនៃវីរុស នីប៉ា នៅក្នុងប្រទេសឥណ្ឌា។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ប្រទេសថៃមិនទាន់មានរបាយការណ៍ពីករណីនៃជំងឺ នីប៉ា នៅឡើយទេ ខណៈដែលលោក ជូរៃ វុងសាវាត់ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃបាននិយាយថា "មិនមានភស្តុតាងនៃការផ្ទុះឡើងនៃវីរុសនេះ ទៅក្នុងសត្វ ឬមនុស្ស នៅក្នុងប្រទេសថៃនោះទេ តែយើងកំពុងមានការប្រុងប្រយ័ត្ន នឹងរឹតបន្តឹងចំពោះការឆ្លងរាលដាលនេះ"។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វីរុស នីប៉ា ត្រូវបានចម្លងពីសត្វទៅមនុស្ស ហើយក៏អាចចម្លងដោយផ្ទាល់ពីមនុស្សទៅមនុស្សផងដែរ។