ភ្នំពេញ៖ 

លោកអធិការងទទួលផែនផ្នែកចរាចរណ៍ខណ្ឌកំបូលម្នាក់ជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវ ត្រូវបានរថយន្តតាក់ស៊ីមួយគ្រឿង បើកទៅបុកពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានរថយន្តក្រុមសង្រ្គោះរបស់អង្គភាព៧១១ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ហើយ រថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលដែកស្លាកប៉ាណូចរាចរណ៍ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុមុខបុរីពិភពថ្មី គម្រោងទី១ ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេស ខណ្ឌកំបូល រាជាធានី ភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា click ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ នគរបាល 1-2799 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវជាតិលេខ៣។ ខណៈពេលជិះឆ្លងទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ20-5214 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងខ្ទាតទាំងមនុស្សនិងម៉ូតូ បណ្តាលឲ្យបុរសជាមន្រ្តីនគរបាលម្នាក់រងរបួស ត្រូវបានរថយន្តក្រុមសង្រ្គោះរបស់អង្គភាព៧១១ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។

ចំណែកឯរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបង្គោលដែកស្លាកប៉ាណូចរាចរណ៍រងការខូចខាតទៅមុខលែងរួច រីឯអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌកំបូល ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរ ទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំដោះស្រាយនៅពេលក្រោយ៕