កំពត ៖

ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់លើ  កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកចំនួន ៣ រួមមាន៖ ស្រុកដងទង់ ស្រុកទឹកឈូ និងស្រុកឈូក បានបើកប្រតិបត្តិការរួមគ្នាបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចរថយន្តពីភ្នំពេញ កាលពីថ្ងៃត្រង់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថានៅវេលាម៉ោង ១២:០០ ថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ បានទទួលបទបញ្ជាឱ្យចុះសហការជាមួយកម្លាំងស្រុកទឹកឈូ និងស្រុកឈូក ដើម្បីដេញស្ទាក់ចាប់ក្រុមជនល្មើស ដែលបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ រួចបើកគេចខ្លួនឆ្ពោះមកកាន់ខេត្តកំពត។

តាមរយៈការដាក់ពង្រាយកម្លាំងនិងអន្តរាគមន៍ទាន់ពេលវេលា  សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់នៅគោលដៅចំនួន ២ ផ្សេងគ្នា៖

១. ចំណុចភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់។

២. ចំណុចភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតរថយន្តដែលជាផលនៃអំពើចោរកម្ម រួមមាន៖ ម៉ាក៖ Toyota Prius ពណ៌៖ ខៀវ ឆ្នាំផលិត៖ ២០០៥ ផ្លាកលេខ៖ ភ្នំពេញ 2BK-0148

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្ត៕