ការស៊ើបអង្កេតផ្ទៃក្នុងរបស់ប្រទេសចិនលើឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតរបស់ខ្លួន គឺលោក ចាង យូសៀរ ទំនងជាមិនអាចជំរុញឲ្យធ្វើសកម្មភាពយោធាភ្លាមៗលើកោះតៃវ៉ាន់នោះទេ តែអាចបង្កើនលទ្ធភាពនៃការប្រើប្រាស់កម្លាំងលើកោះនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមលោក ចន លី អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន ហុដសាន់។ ក្រសួងការពារជាតិប្រទេសចិនបានប្រកាសពីការស៊ើបអង្កេតលើលោក ចាង ដែលជាមេបញ្ជាការរង និងជាអនុប្រធានជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិនព្រមទាំងសមាជិកជាន់ខ្ពស់មួយរូបទៀត គឺលោក លីវ ចេនលី ប្រធានបុគ្គលិក ជុំវិញការរំលោភធ្ងន់ធ្ងរលើវិន័យ និងច្បាប់ ដែលនេះ គឺជាការបោសសម្អាតថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ដែលមានមុខមាត់បំផុតរបស់ប្រទេសចិននាពេលបច្ចុប្បន្ន។ នៅក្នុងអត្ថបទវិចារណកថាមួយនៅលើទំព័រមុខ របស់កាសែតក្នុងស្រុកចិន បានពណ៌នាអំពីការស៊ើបអង្កេតនេះ ថាជាសមិទ្ធផលដ៏សំខាន់មួយ និងបន្ថែមថា ឧត្តមសេនីយ៍ទាំងពីររូបនេះ បាន «ធ្វើឲ្យចុះខ្សោយ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើប្រព័ន្ធទទួលខុសត្រូវក្នុងប្រទេស។
