លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងថ្លឹងថ្លែងពីជម្រើសនៃការឆ្លើយតប ចំពោះភាពចលាចលដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងជម្រើសយោធាដែលអាចធ្វើទៅបាន ខណៈដែលការតវ៉ា នៅតែបន្តរីករាលដាលពាសពេញប្រទេស។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ ក៏បានបន្ថែមថា លោកមានគម្រោងពិភាក្សាជាមួយលោកមហាសេដ្ឋី អេឡុន ម៉ាស អំពីការស្តារប្រពន្ធ័អ៊ីនធឺណិតឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអាជ្ញាធរប្រទេសនេះ ផ្តាច់ចរន្តអគ្គិសនី ប្រពន្ធ័អីនធឺណិត និងទូរសព្ទ អំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាល។ បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី28 ខែធ្នូ ជុំវិញការកើនឡើងនៃអតិផរណា ដែលធ្វើឲ្យតម្លៃទំនិញកើនឡើង និងវិវឌ្ឈន៍ទៅជាបាតុកម្មប្រឆាំងនឹងមេដឹកនាំបព្វជិត ដែលបានគ្រប់គ្រងប្រទេសនេះចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ 1979។ គួរបញ្ជាក់ផងដែរថា ក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា គិតរហូតមកដល់ពេលនេះ អ្នកតវ៉ាប្រមាណជាង 500 នាក់ ក្នុងនោះរួមមានបុគ្គលិកសន្តិសុខចំនួន 48 នាក់ បានស្លាប់ និងប្រមាណ 10.600 នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងរយៈពេលជាង 2 សប្តាហ៍នៃភាពចលាចលនេះ។