នាពេលថ្មីៗនេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានដឹកនាំពិភាក្សាស្តីពីការពិនិត្យវឌ្ឍនភាពរៀបចំអភិវឌ្ឍន៍ផែនការហ្វឹកហាត់ និងកម្មវិធីប្រកួត ប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធខ្មែរកីឡាហែលទឹកហើយក៍បានពិភាក្សាអំពីចំនុចខ្លាំង ចំណុចខ្សោយរបស់ឆ្នាំចាស់ ត្រៀមសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក្រុមកីឡាថ្នាល លើប្រភេទកីឡាហែលទឹក កីឡាហែលទឹកពាក់ជើងទា និងក្រុមកីឡាបាល់ទឹកសម្រាប់ឆ្នាំថ្មី ដោយមានការចូលរួមពីសមាសភាព លោកប្រធានគ្រូបង្វឹក លោកគ្រូ អ្នកគ្រូ និងជំនួយការគ្រូបង្វឹក របស់សហព័ន្ធខ្មែរកីឡាហែលទឹកនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សិក្ខាសាលាស្តីពីការពិនិត្យវឌ្ឍនភាពរៀបចំអភិវឌ្ឍន៍ផែនការសកម្មភាពហ្វឹកហាត់នេះ ធ្វើឡើងដើម្បីវាយតម្លៃផែនការសកម្មភាពហ្វឹកហាត់ឆ្នាំ២០២៥របស់គ្រូបង្វឹករបស់សហព័ន្ធ ពីការរីកចម្រើន និងបញ្ហាប្រឈមមុន ដើម្បីរៀបចំផែនការបំពេញបន្ថែមនូវចំណុចខ្វះខាតតាមប្រភេទកីឡានីមួយៗ ប្រភេទកីឡាហែលទឹក កីឡាហែលទឹកពាក់ជើងទា និងក្រុមកីឡាបាល់ទឹកសម្រាប់ឆ្នាំថ្មី។
លោក អគ្គលេខាធិការ បានបន្តថា យើងត្រូវគ្រូបង្វឹកដាក់ផែនការ នេះជាយុទ្ធសាស្រ្តថ្មីមួយទៀតសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរឆ្នាំ២០២៦នេះ សម្រាប់ក្រុមជម្រើសជាតិ និងក្រុមកីឡាថ្នាល។ មួយទៀតចំណុចសំខាន់នោះ រូបលោកនឹងពិនិត្យបន្ថែម ចំណុចណាល្អយកមក ចំណែកចំណុចណាខ្វះខាតយើងត្រូវបំពេញបន្ថែម សកម្មភាពនេះក្នុងការតាមដានសកម្មភាពគ្រូបង្វឹកមិនឲ្យគាត់ធ្វើអ្វីតាមតែចិត្តឡើយ។
សិក្ខាសាលាស្តីពីការពិនិត្យវឌ្ឍនភាពរៀបចំអភិវឌ្ឍន៍នេះ ក្រោមពីធ្វើជាមួយគ្រូបង្វឹកហើយ សហព័ន្ធនឹងធ្វើជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនីថ្នាលទៀត ដើម្បីពិនិត្យការហ្វឹកហាត់របស់ពួកគាត់ទំាងបច្ចេកទេស និងសមត្ថភាព៕
