ភ្នំពេញ៖ 

ឃ្លាំងជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែរខាង និង សមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២០ខែមករា ឆ្នាំ២០២៦  ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគាត់ បានឃើញអណ្តាតភ្លើងឆាបឆេះចេញពីក្នុងរថយន្តមួយគ្រឿង រួចបន្តឆេះរាលដាលទៅលើរថយន្តក្បែរៗគ្នាយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះដែរ ប្រជាពលរដ្ឋរស់នៅក្បែរខាង រួមទាំងម្ចាស់ទីតាំង បានទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ។

ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមក ជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ក្នុងនោះដែរ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួស នោះឡើយ ពោលគឺខូចខាតតែរថយន្តមួយគ្រឿងទូចំនួន៤ រួមទាំងសម្ភារៈក្នុងនោះ មួយចំនួន។ ចំពោះមូលហេតុនៃការឆេះកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត៕