មេដឹកនាំអឺរ៉ុប បានរិះគន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជុំវិញការប្រកាសបន្ថែមពន្ធ រហូតដល់អាមេរិកត្រូវបានអនុញ្ញាតឲ្យទិញកោះហ្គ្រីនឡែននេះ។ ប្រទេសនៅអឺរ៉ុបដែលលោកប្រធានាធិបតី ត្រាំ បានប្រកាសបន្ថែមពន្ធនោះ បានគាំទ្រប្រទេសដាណឺម៉ាកជុំវិញបញ្ហាកោះហ្រ្គីនឡែន ខណៈដែលមេដឹកអឺរ៉ុបទាំងនោះបានព្រមានថា ការរឹបអូសយកទឹកដីរបស់ប្រទេសសមាជិកអង្គការណាតូនេះ អាចធ្វើឲ្យសម្ព័ន្ធមិត្តយោធាដែលទីក្រុងវ៉ាស៊ីនតោនដឹកនាំនេះ ដួលរលំ។ ទន្ទឹមនឹងនេះ បណ្តាមេដឹកនាំប្រទេសអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា ពួកគេកំពុងសម្របសម្រួលលើការឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធនេះ ស្របពេលដែលមន្ត្រីមកពីប្រទេសន័រវែស ស៊ុយអែត បារាំង និងអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះប្រទេសដាណឺម៉ាក និងថា ការគំរាមដាក់ពន្ធ មិនគួរត្រូវលើកមកជាបញ្ហាសម្រាប់ការដោះស្រាយបញ្ហាកោះហ្គ្រីនឡែននោះទេ។
