លោកប្រធានាធិបតី ត្រាំ បានថ្លែងថា អាមេរិក នឹងទទួលបានអធិបតេយ្យភាពលើតំបន់មូលដ្ឋានយោធាអាមេរិក នៅលើកោះហ្គ្រីនឡែន។ បើទោះបីជាលោកប្រធានាធិបតី ត្រាំ បានច្រានចោលការប្រើប្រាស់កម្លំាងយោធាដើម្បីទទួលបានកោះនេះក៏ដោយ ក៏លោកបានលើកឡើងថា កិច្ចពិភាក្សាមួយចំនួនកំពុងដំណើរការ" ហើយ "អាមេរិក នឹងមានអ្វីគ្រប់យ៉ាងដែលអាមេរិកចង់បាន" ខណៈដែលលោក ជេន ហ្រ្វីដឺរីក នៀលសិន នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន បានប្រកាសបញ្ជាក់ជាថ្មីថា អធិបតេយ្យភាពកោះនេះ នៅតែជាខ្សែបន្ទាត់ក្រហមសម្រាប់រដ្ឋាភិបាលរបស់លោក និងថា គ្មាននរណាម្នាក់ក្រៅពីកោះហ្គ្រីនឡែន និងប្រទេសដាណឺម៉ាក អាចធ្វើកិច្ចព្រមព្រៀងទាក់ទងពីបញ្ហាកោះហ្គ្រីនឡែនបាននោះទេ។ គួរបញ្ជាក់ផងដែរថា នៅកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង ដាវូស របស់ប្រទេសស្វីស លោកប្រធានាធិបតី ត្រាំ បានអះអាងថា កិច្ចពិភាក្សារបស់លោក ជាមួយអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺលោក ម៉ាក រូត នោះ បានបង្កើត «ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត» សម្រាប់កោះ ហ្រ្គីនលេន និងតំបន់អាកទិក បើទោះបីជាលោកមិនបានបញ្ជាក់លម្អិតអំពីក្របខណ្ឌនៃកិច្ចព្រមព្រផងនេះក៏ដោយ។