បាត់ដំបង៖
ឃ្លាំងស្តុកទំនិញមួយកន្លែង ត្រូវបានកម្លាំងចម្រុះក្រោមការដឹកនាំរបស់មន្ត្រី គយនិងរដ្ឋាករចល័តក្រសួងប្រចាំផ្លូវជាតិលេខ៥ ចំណុចអូរតាគី ចុះពិនិត្យឆែកឆេរនិងបិទ ជាបណ្តោះអាសន្នសង្ស័យមានបង្កប់អីវ៉ាន់គេចពន្ធ។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថានៅវេលាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ កម្លាំង ចម្រុះមានទាំងមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ ជាពិសេស មន្ត្រីគយនិងរដ្ឋាករ ប្រចាំផ្លូវជាតិលេខ៥ ចំណុចអូរតាគី ជាច្រើននាក់ បានចុះមកទីតាំងឃ្លាំងស្តុកទំនិញជា គ្រឿងប្រើប្រាស់និងគ្រឿងបន្លាស់ម៉ាស៊ីនមួយកន្លែង នៅចំណុចភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង និងបានចូលទៅពិនិត្យឆែកឆេរអស់ជាច្រើនម៉ោង រហូតនៅ វេលាម៉ោង១២និង៥០នាទី ថ្ងៃខែដដែល ទើបបានចេញមកវិញនិងបិទកំណត់ហេតុមួយ សន្លឹកភ្ជាប់និង ទ្វារមិនអោយមានអ្នកចេញចូលបាន។
បើតាមការបញ្ជាក់ពីមន្ត្រីគយនិងរដ្ឋាករ ដែលបានចុះអនុវត្តនៅទីតាំងខាងលើ បានបញ្ជាក់ថាការចុះអនុវត្តពិនិត្យបិទឃ្លាំងខាងលើ គឺដើម្បីរងចាំពីនិត្យឯកសារដែលផ្ញើរមកពីរាជធានី ភ្នំពេញ៕
