ភ្នំពេញ៖
ក្រុមចាប់ជំរិតជនជាតិចិនពីរនាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់បង្ខាំងស្ត្រីជនជាតិវៀតណាមជំរិតទារប្រាក់ ចំនួន ២ ម៉ឺនដុល្លារ។
ជនសង្ស័យរូបនោះ ១-ឈ្មោះ Zhang Wei (ចាង វ៉េ) អាយុ៣៦ឆ្នាំ ភេទប្រុស ជនជាតិចិន, ២-ឈ្មោះ Wang Yu Zhuo (វ៉ាង យូ ចូវ) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។
តាមនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen (ដូ ទី មី ឌូយិន) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់ អត្តសញ្ញាណចំនួន០១ក្រុម។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរៈសេនីយ៍ឯក ហែម បូណា និង វរៈសេនីយ៍ឯក
ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ ធ្វើការ ស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ ខាងលើ។ លុះនៅវេលាម៉ោង២០និង៤០នាទីថ្ងៃដដែល កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅត្រង់ចំណុចផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
