ភ្នំពេញ៖
យុវជនម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តធុនធំដឹកបង្គោលភ្លើងយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវឱកាសខ្ញុំ ក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំដឹកបង្គោលភ្លើងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5967 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវឱកាសខ្ញុំ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានយុជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងឌ្រីមសង់ C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1KM-8607 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវឱកាសខ្ញុំទិសដៅ ពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅផុកពីក្រោយរថយន្តយ៉ាងពេញទំហឹងបោកផ្ទុប់នៅនិងផ្លូវស្លាប់ភ្លាមៗ។ ចំណែករថយន្ត បន្តបើករត់ទៅមុខហើយតៃកុងរត់គេចខ្លួនបានស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
