បញ្ជីឈ្មោះសមាជិក "ក្រុមប្រឹក្សាសន្តិភាព" សម្រាប់តំបន់ហ្គាហ្សាដែលប្រកាសដោយសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសម្ពន្ធ័មិត្តរបស់ខ្លួន គឺអ៊ីស្រាអែល។ បញ្ជីឈ្មោះសមាជិកទាំងនោះ រួមមាន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បេសកជនពិសេសរបស់លោកប្រធានាធិបតី ត្រាំ លោក ស្ទីវ វីតអូហ្វ លោកប្រធានាធិបតីប្រទេសអេហ្ស៊ីប អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី លោកប្រធានាធិបតីប្រទេសតួរគី ថេយ៉ិប អឺដូហ្កេន លោកប្រធានាធិបតីប្រទែសអាហ្សង់ទីន ចាវៀរ មៃលី និងលោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា ម៉ាក ខានី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា បញ្ជីឈ្មោះដែលចេញផ្សាយដោយសហរដ្ឋអាមេរិក មិនត្រូវបានសម្របសម្រួលជាមួយអ៊ីស្រាអែលនោះទេ ហើយក៏ផ្ទុយនឹងគោលនយោបាយរបស់អ៊ីស្រាអែលផងដែរ ខណៈដែលសមាជិកមួយចំនួនក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សានេះ សុទ្ធតែជាអ្នករិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។
