ភ្នំពេញ៖ 

ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅក្នុងរណ្ដៅដីចាស់ ស្ថិតនៅកណ្ដាល វាលស្រែជម្រៅ ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភំ្នពេញ ។

យុវជននោះ ឈ្មោះសាក់ អាយុប្រមាណជាង២០ឆ្នាំ ទើបតែមកស្នាក់នៅ ផ្ទះជួលម្ដុំវត្តកំពែង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទើបបានរយៈពេល៥ទៅ៦ថ្ងៃ ប៉ុណ្ណោះ ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូជាមួយអ្នកទើបស្គាល់គ្នា ទៅដើរលេងនៅក្បែរស្រះទឹក។ ខណៈនោះ អ្នកស្គាល់គ្នាក៏បានអង្គុយញ៉ាំបុកល្ហុង ហើយ ជនរងគ្រោះឃើញស្រីៗកំពុងរាវខ្យង ក៏បានដោះសម្លៀកបំពាក់ចុះងូតទឹកលេង និង ជួយរាវខ្យងដែរ។

តាមព័ត៌មានឲ្យដឹងទៀតថាបន្ទាប់ពីរាវខ្យងបានមួយសន្ទុះ ស្រាប់តែទៅកន្លែងជ្រៅលង់ទឹក ហើយ លិចបាត់តែម្ដង។ ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋ ក៏ បាននាំគ្នាបង់សំណាញ់រាវរក តែពុំឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ច។ តាមព័ត៌មានឲ្យដឹងទៀតថា នៅវេលាយប់ទៅហើយ  សពពុំទាន់រកឃើញនៅឡើយ ៕