ស្ថានការណ៍នៅក្នុងប្រទេសអីរ៉ង់ បានវិលត្រលប់ទៅរកភាពស្ងប់ស្ងាត់វិញ ពោល គឺបន្ទាប់ពីផ្ទុះឡើងនៃការធ្វើបាតុកម្មហឹង្សារទូទាំងប្រទេស។ ការតវ៉ាបានផ្ទុះឡើងចាប់តាំងពីចុងខែធ្នូនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ ជុំវិញវិបត្តិសេដ្ឋកិច្ច ជាពិសេសការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអីរ៉ង់ ដែលចុងក្រោយវិវឌ្ឈន៍ទៅជាការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលជំរុញឲ្យមានការបង្រ្កាបយ៉ាងខ្លាំងលើក្រុមបាតុករ ដែលធ្វើឲ្យមានមនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀត ត្រូវបានចាប់ខ្លួន។ ឆ្លើយតបទៅនឹងភាពចលាចលនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតអំពីសកម្មភាពយោធាដែលអាចកើតមានលើប្រទេសអ៊ីរ៉ង់ ប្រសិនបើចំនួននៃការស្លាប់របស់ក្រុមបាតុករ បន្តកើនឡើង។ តែយ៉ាងណាមិញ ប្រទេសអីរ៉ង់ បានចោទប្រកាន់ថា សហរដ្ឋអាមេរិក និងអីស្រាអែល គឺជាអ្នកនៅពីក្រោយ ជំរុញញុះញ៉ុង ឲ្យមានការធ្វើបាតុកម្មនេះឡើង និងយកលេសគាំទ្រលើក្រុមបាតុករភេរវករទាំងនេះ ដើម្បីវាយប្រហារលើអ៊ីរ៉ង់។ ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ីរ៉ង់ ម៉ាសួត ប៉េហ្សេស្កៀន ក៏បានព្រមានថា ការវាយប្រហារណាមួយលើមេដឹកនាំកំពូលរបស់ខ្លួន គឺលោក អាលី ខាមីនី នឹងត្រូវបានចាត់ទុកថាជាការប្រកាស "សង្គ្រាមទាំងស្រុង" ប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់។