ព្រះរាជអាជ្ញាប្រទេសវេណេស៊ូអេឡា លោក ថារេក សាអាប់ បានអំពាវនាវដល់តុលាការអាមេរិកដែលត្រួតពិនិត្យសំណុំរឿងភេរវកម្មគ្រឿងញៀនប្រឆាំងនឹងលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ ឲ្យទទួលស្គាល់អ្វីដែលលោកបាននិយាយថា ជាការខ្វះយុត្តាធិការរបស់អាមេរិក និងអភ័យឯកសិទ្ធិរបស់លោក ម៉ាឌូរូ ក្នុងនាមជាប្រមុខរដ្ឋ។ លោក សាអាប់ បានបន្ថែមថា ព្រះរាជអាជ្ញា 3 រូប នឹងបើកការស៊ើបអង្កេតលើការស្លាប់ ដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពយោធារបស់អាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡាកាលពីចុងសប្តាហ៍ ហើយព្រះរាជអាជ្ញាក៏បានអំពាវនាវដល់អង្គការអន្តរជាតិឲ្យចាត់វិធានការជាក់ស្តែងលើសពីការថ្កោលទោស ដើម្បីធានាការដោះលែងលោក ម៉ាឌូរូ។
