កណ្តាល៖ 

ក្រោយក្រុមជនសង្ស័យជាក្មេងស្ទាវ ចំនួន០៤នាក់ ជិះម៉ូតូបង្ហោះនិងមានថតវិដេអូ កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ   គឺសមត្ថកិច្ចបានបើកប្រតិបត្តិការ ស្រាវជ្រាវ រហូតឃាត់ខ្លួនបានមុខសញ្ញា ០២នាក់ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ នៅចំណុច លើផ្លូវជាតិលេខ21 ក្នុងភូមិលេខ(១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់បែកធ្លាយជាមុខសញ្ញា ជិះម៉ូតូបង្ហោះធាក់ប្លន់កាត់សាញ ។ 

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា÷ លោកបានដឹកនាំបញ្ជាកម្លាំងផ្នែកព្រហ្មទណ្ឌ ដោយសហការជាមួយលោកវរៈសេនីយ៍ត្រី ហាក់ ប៊ុនធិន នាយប៉ុស្តិ៍និងកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំ ដោយប្រើមធ្យោបាយម៉ូតូប្រភេទប្រដេញ ចុះស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនក្មេងទំនើងជាជនសង្ស័យបានចំនួន០២នាក់៖ ទី១ឈ្មោះ  វិត រ៉ាវុទ្ធ  ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សិស្ស  , ទី២-ឈ្មោះ នឹម ហុងឡេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកបឹងខ្នារ ខេត្តពោធិ៍សាត់ ។ ចំពោះសម្ភារ:ដកហូតមាន៖ ម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1KY- 3594 (ជិះធ្វើសកម្មភាព) , និងទូរសព្ទ័ដៃម៉ាក IFONE មួយគ្រឿង ។ 

លោកអធិការបានបញ្ជាក់បន្ថែមថា÷តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺក្រុមពួកគេតែងតែជិះម៉ូតូបង្ហោះនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយកាត់សាញដោយធាក់ប្លន់យកម៉ូតូអ្នកធ្វើដំណើរ បានមួយគ្រឿងកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៦  ដោយ យកម៉ូតូទៅលក់នៅកន្លែងមួយមិនស្គាល់ទីតាំងបានលុយ ចំនួន ៦០០ដុល្លាយកទៅចែកគ្នាចាយ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី  និងបន្តស្រាវជ្រាវក្រុមបក្ខពួកដែលនៅសេសសល់ បង្ក្រាបនិងឃាត់ខ្លួនអោយខាងតែបាន៕