ភ្នំពេញ៖
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោកអធិការរងខណ្ឌពោធិសែនជ័យម្នាក់ ត្រូវបាន ជនស៊ីវិលមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ៣គ្រឿងតាំងខ្លួនជាសមត្ថកិច្ច ចូលទៅឃាត់ តែត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនស៊ីវិលទាំង៤នាក់នោះវិញ រួមទាំងវត្ថុតាំងម៉ូតូ៣ គ្រឿងយកទៅធ្វើការសួរនាំ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:១៥នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ ស្ថិតត្រង់ចំណុចស្តុប ២០០៤ ក្នុងសង្កាត់ កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជាអធិការរងខណ្ឌពោធិ៍សែនជ័យម្នាក់ បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយមានប្រជាពលរដ្ឋបានរាយការណ៍មកកាន់រូបគាត់ថាមានក្មេងស្ទាវ បង្ហោះម៉ូតូ។ ក្រោយមក រូបគាត់ បានជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខចេញទៅមើល ។ ខណៈពេលជិះមកដល់ក្បែកន្លែងកើតហេតុ ស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នាចំនួន៤នាក់ ជិះម៉ូតូ៣គ្រឿងតាំងខ្លួនជាសមត្ថកិច្ច មកឃាត់រូបគាត់ដែលកំពុងតែចុះបំពេញកាងារ រួចក្រុមជនស៊ីវិលទាំងនោះ បានសួរនាំមកលើរូបគាត់ទាំងដែលគាត់បង្ហាញកាតជាសមត្ថកិច្ចអោយមើល ហើយ នៅស្រែកគំរាមលើគាត់ថែមទៀត។
បន្ទាប់មក គាត់ ក៏បានទាក់ទងតាមវិទ្យុប្រាប់ទៅសមត្ថកិច្ចផ្សេងទៀតឲ្យចុះមកជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ដែលតាំងខ្លួនជាសមត្ថកិច្ចរួមវត្ថុតាងម៉ូតូចំនួន ៣គ្រឿងយកទៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីធ្វើការសាកសួរនាំ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថឃាត់ខ្លួននៅប៉ុស្ថិ៍នគបាលសង្កាត់ កាកាបទី១ដើម្បីសួរនាំនិងចាត់ការបន្តតាម នីតិវិធី ច្បាប់៕
