កំពូលអ្នកច្នៃម៉ូដ និងជាគ្រូបង្វឹកការដើរម៉ូដដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ រាប់ទុកថាជាធនធានដ៏មានសក្កានុពលមួយរូបនៅក្នុងវិស័យហ្វេសសិននាពេលបច្ចុប្បន្ន។ លោកថែមទាំងត្រូវបានមហាជនជាច្រើននៅទូទាំងប្រទេស ទទួលស្គាល់ផងដែរ នូវសមត្ថភាពសិល្បៈក្នុងការច្នៃប្រឌិតបន្ថែមថ្មីទាក់ទងនឹងវិស័យម៉ូដនៅកម្ពុជានេះផ្ទាល់តែម្តង។ ជាក់ស្តែង អ្នកជំនាញម៉ូដរូបនេះ តែងតែបង្កើតរបស់ចាស់បូកផ្សំជាមួយរបស់ថ្មី ដែលគេច្រើនតែនិយមហៅថាសហសម័យ ដូចជាការច្បិចយករបស់បុរាណដែលមានស្រាប់ច្នៃបន្ថែមពីលើម៉ូតសម្លៀកបំពាក់ ចេញបានជាឈុតសហសម័យដ៏ទាក់ទាញ និងត្រូវបានមហាជនលើកសរសើរជាញឹកញាប់។ មិនតែប៉ុណ្ណោះ លោក អូលីវ៉ា តែងតែដឹកនាំក្រុមបង្ហាញម៉ូដកម្ពុជា ចេញដើរហ្វេសសិនទាំងនៅលើឆាកជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ក្រោមម៉ាកយីហោ KALKIN ដែលជាប្រ៊េនសម្លៀកបំពាក់បង្កើតឡើងដោយលោកផ្ទាល់។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជនបាននិងកំពុងចាប់អារម្មណ៍ទៅលើសំណេរមួយរបស់ លោក អូលីវ៉ា គង់ ដែលបានបង្ហោះនៅលើបណ្តាញសង្គម ដែលក្នុងនោះលោក បានរៀបរាប់៖ «សូមមេត្តាកូនខ្មែរគ្រប់រូប កុំត្រាប់តាមចោរសៀមឲ្យសោះ វាចង់ល្បីតែវាទៅ ហាមយកស្បៃរបាំព្រះរាជទ្រព្យ ឬ ស្បៃព្រះម៉ែនាគក្នុងទម្រង់អាពាហ៍ពិពាហ៍ទៅច្នៃជាបែបហ្វេសសិន ជាមួយឈុតខោនានា ឬ ស្បែកជើងកវែង ដែលប្រាសចាកពីប្រពៃណី និងវប្បធម៌»។

ជុំវិញសំណេរនេះ លោកទទួលបានការសាទរជាខ្លាំងពីសាធារណជន ដោយក្នុងនោះក៏មានកញ្ញា សៃហ្វុន ផងដែរ ដែលជាលំដាប់រងទី១ បវរកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ ២០២៣ បានធ្វើការចែករំលែកនូវសំណេរខាងលើ ដោយភ្ជាប់ជាមួយការបង្ហាញទស្សនយល់ស្របតាមការលើកឡើងរបស់ លោក អូលីវ៉ា គង់ ថែមទៀតផង៕