សភាធម្មនុញ្ញនៃតុលាការកំពូលនៃប្រទេសវេណេស៊ូអេឡាបានបញ្ជាឲ្យអនុប្រធានាធិបតីនៃប្រទេសនេះ គឺលោកស្រី ឌែលស៊ី រ៉ូដ្រីហ្គេស ឡើងកាន់តំណែងជាប្រធានាធិបតីស្តីទី បន្ទាប់ពីអាមេរិក បើកការវាយប្រហារលើប្រទេស និងចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ។ យោងតាមសេចក្តីសម្រេចរបស់តុលាការ លោកស្រី រ៉ូដ្រីហ្គេស នឹងត្រូវទទួលយក «តំណែងជាប្រធានាធិបតីនៃប្រទេសវេណេស៊ូអេឡា ដើម្បីធានាបាននូវនិរន្តរភាពរដ្ឋបាល និងការការពារជាតិ»។ លោកស្រី ឌែលស៊ី រ៉ូដ្រីហ្គេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក នីកូឡាស ម៉ាឌូរូ បានក្លាយជាឥស្សរជនលេចធ្លោម្នាក់នៅក្នុងជួរនយោបាយរបស់ប្រទេសវេណេស៊ូអេឡា ហើយក៏ជាស្ថាបនិកដ៏សំខាន់មួយរូបនៃគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។ កន្លងមក លោកស្រីក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការព្យាយាមគ្រប់គ្រងលើទុនបំរុងប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសវេណេស៊ូអេឡា ហើយក្នុងនាមជាអ្នកការពារដ៏រឹងមាំរបស់រដ្ឋបាលលោក ម៉ាឌូរូ លោកស្រី រ៉ូដ្រីហ្គេស បានប្រឈមមុខនឹងការដាក់ទណ្ឌកម្មអន្តរជាតិ ពីបទរំលោភសិទ្ធិមនុស្ស និងរឿងអាស្រូវជាច្រើន ហើយបច្ចុប្បន្ន បន្ទាប់ពីការវាយប្រហាររបស់អាមេរិក មិនទាន់មានការបញ្ជាក់ច្បាស់លាស់ ថាតើលោកស្រីកំពុងស្ថិតនៅទីណានោះដែរ។
