ភ្នំពេញ៖

ផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង រួមទាំងសម្ភារៈ ក្នុងនោះមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង២:៣០នាទីរំលង អាធ្រាតឈានចូលថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុង ភូមិព្រៃទាល់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគាត់បានឃើញផ្សែងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះកើតហេតុខាងលើ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែៗគ្នាផ្សេងៗទៀត។

ភ្លាមនោះដែរ ពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជួយ អន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន ក៏ប្រញាប់ទាក់ទងទៅ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។

ក្រោយពីទទួលដំណឹងខាងលើ លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យ គ្រប់គោលដៅចេញទៅជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ក្នុងនោះដែរ មិនបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសនោះឡើយ ដោយខូចខាតតែផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងបូករួមសម្ភារៈក្នុងនោះមួយ ចំនួនធំ។

ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅពេលក្រោយ ផងដែរ៕