កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្រ មានការកោតសរសើរយ៉ាងខ្លាំងទៅលើតារាចម្រៀងស្រីជួរមុខ ពេជ្រ សូលីកា ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ទៅ ២ ពាន់ដុល្លារ ដើម្បីចំណាយទៅលើការទិញសំបុត្រកម្មវិធី «ខ្លឹមនៃព្រះនគរ» ដែលជាកម្មវិធីផ្តួចផ្តើមឡើងមកដោយ តារាចម្រៀងប្តីប្រពន្ធ ជី ដេវីត និង ទេព បូព្រឹក្ស។
ការចំណាយថវិកាដ៏ច្រើនលើសលប់នេះ ក៏ព្រោះតែតារាចម្រៀងស្រីរូបនេះ ចង់ចូលរួមជាផ្នែកមួយ ក្នុងការជួយដល់វីរកងទ័ពជួរមុខ។ ពេជ្រ សូលីកា ក៏បានឱ្យដឹងនៅលើបណ្តាញសង្គមដែរថា សម្រាប់អ្នកគាំទ្រដែលជា Top Fan របស់នាង អាចធ្វើការទំនាក់ទំនងទៅកាន់ អ្នកនាង ទេព បូព្រឹក្ស ដោយផ្ទាល់ ដើម្បីទទួលយកសំបុត្រដោយឥតគិតថ្លៃ។ លើសពីនេះ ពេជ្រ សូលីកា ក៏បានអំពាវនាវដល់សាធារណជន ចូលរួមជាវសំបុត្រឱ្យបានច្រើនកុះករទាំងអស់គ្នា ព្រោះសំបុត្រមួយសន្លឹករបស់បងប្អូន ស្មើនឹងការចូលរួមជួយទៅដល់ស្បៀងកងទ័ពជួរមុខផងដែរ។
សូមរំលឹកដែរថា ព្រឹត្តិការណ៍វប្បធម៌ជាតិ «ខ្លឹមនៃព្រះនគរ» បង្កើតឡើងមកក្នុងគោលបំណង ដើម្បីជាការក្រើនរំលឹក និងលើកតម្កើងសម្បត្តិវប្បធម៌ជាតិ ឱ្យកាន់តែរឹងមាំជាងមុនថែមទៀត។ «ខ្លឹមនៃព្រះនគរ» នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រព កោះពេជ្រ ដោយថវិកាដែលទទួលបានពីការលក់សំបុត្រ នឹងប្រគល់ជូនទៅកាន់មូលនិធិ សប្បុរសធម៌ទាំងស្រុង ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដី៕
