អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផែសស្កូហ្វ បានបញ្ជាក់ថា ប្រទេសរុស្ស៊ី នឹងតាមដានយ៉ាងដិតដល់អំពីលទ្ធភាពដែលសហរដ្ឋអាមេរិក អាចដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលលើកោះ ហ្រ្គីនលេន ខណៈដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកោះនេះ ចំពោះសន្តិសុខរបស់រុស្ស៊ី។ លោក ឌីមីទ្រី ផែសស្កូហ្វ បានបន្តថា ចំពោះប្រព័ន្ធការពារគ្រាប់មីស៊ីល ហ្គូលដេន ដូម របស់សហរដ្ឋអាមេរិក រុស្ស៊ីនឹងបន្តតាមដាន និងវិភាគយ៉ាងដិតដល់អំពីចេតនាពិតរបស់អាមេរិក។ គួរបញ្ជាក់ផងដែរថា កោះ ហ្រ្គីនលេន ដែលជាកោះធំជាងគេបំផុតក្នុងពិភពលោក គឺជាទឹកដីស្វ័យយ័តរបស់ប្រទេសដាណឺម៉ាក ហើយចាប់តាំងពីវិលត្រឡប់មកកាន់តំណែងវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញចេតនាម្តងហើយម្តងទៀតនូវការចង់បានកោះនេះ យកមកគ្រប់គ្រង ដោយអះអាងថា កោះ ហ្រ្គីនលេន មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិសុខជាតិអាមេរិក ព្រមទាំងបានបញ្ជាក់ពីការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល ហ្គូលដេន ដូម នៅទីនោះ ខណៈដែលប្រសិនបើត្រូវបានដាក់ពង្រាយនៅលើកោះនេះមែន ប្រពន្ធ័ការពារគ្រាប់មីស៊ីល ហ្គូលដេន ដូម នេះ មានសមត្ថភាពស្ទាក់ចាប់គ្រាប់មីស៊ីលដែលបាញ់ចេញពីតំបន់ផ្សេងៗទូទាំងពិភពលោក និងសូម្បីតែពីលំហអាកាស។
