ភ្នំពេញ៖ 

ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ៊ុំប្រុសអាយុ៩០ឆ្នាំម្នាក់ ត្រូវបានកូនស្រីបង្កើត ដឹកតាមម៉ូតូកង់បីយកទៅទន្លាក់ចោលនៅក្នុងចេតិយមួយកន្លែងក្នុងវត្តអង្គតាម៉ិញ បង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ យប់ថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិគោកចំបក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ៊ុំប្រុសដែលកូនស្រីបង្កើតដឹកយកទៅទន្លាក់ចោលនោះឈ្មោះ ខៀវ ម៉ារឿន អាយុ ៩០ ឆ្នាំមានកូនប្រុសស្រីចំនួន៥នាក់។ សព្វថ្ងៃ រូបគាត់រស់នៅជាមួយកូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីនិត អាយុជាង៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមស្ត្រីឈ្មោះ ខៀវ  សាវី អាយុ ៥៤ឆ្នាំ ត្រូវជាកូនទី២ បានអោយដឹងថានៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២៦  ប្អូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីនិត បានដឹកឪពុកតាមម៉ូតូកង់បី ទៅទន្លាក់ចោលនៅក្នុងចេតិយដែលដាក់ធាតុរបស់ម្តាយបង្កើតនៅក្នុងវត្តអង្អតាម៉ិញ រួចហើយ បានថតរូបឪពុកផ្ញើតាមឆាតហ្វេសប៊ុកទៅអោយបងប្អូនប្រុសស្រីចំនួន៤នាក់ផ្សេងទៀតមើល រួចបានប្រាប់ថាខ្លួនបានដឹកឪពុកយកទៅទំលាក់ចោលក្នុងចេតិយរបស់ម្តាយ បើបងប្អូនណាទំនេរ ចាំជួយយកគាត់ទៅផ្ទះផង។

ស្ត្រីរូបនោះ បានបន្តអោយដឹងទៀតថា រហូតមកដល់ម៉ោងកើតហេតុខាងលើ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងព្រះសង្ឃ រួមទាំងអាជ្ញារធសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួមទាំងរូបគាត់ ក៏បានចុះទៅដល់ ពុំឃើញមានកូនប្រុសចំនួន៤នាក់ទៀតមកដល់កន្លែកើតហេតុនោះទេ ហើយ គាត់បានរៀបរាប់ថាឪពុករបស់គាត់សព្វថ្ងៃរស់នៅជាមួយប្អូនស្រីបង្កើតទី៣ ឈ្មោះ ខៀវ ស៊ីនិត នៅក្នុងភូមិត្រពាំងល្វា សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី។ បន្ទាប់មក គាត់បាននិយាយទៀតថាសព្វថ្ងៃ ប្តីរបស់គាត់កំពុងឈឺជំងឺមហារីកនៅផ្ទះ អញ្ចឹងហើយ  រូបគាត់មិនអាចយកឪពុកមួយទៀតទៅចិញ្ចឹមនៅផ្ទះរបស់គាត់នោះទេ។

ប្រភពព័ត៌មានបានអោយដឹងថា រហូតដល់ម៉ោង១១យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦កូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីនិត បានយកម៉ូតូកង់បីដឹកឪពុកយកទៅផ្ទះវិញ៕