សហព័ន្ធកីឡាជាតិណា ដែលបានខិតខំសាងបានសមិទ្ធផល ជាពិសេសបំពេញនូវគ្រប់លក្ខន្តិកៈធំៗចំនួន៣ទម្រង់នឹងទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ច្រើន ដើម្បីពន្លឿនផែនការអភិវឌ្ឍប្រចាំពីក្រសួងអប់រំ យុវជន និងកីឡា។

     នេះជាការគូសបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការអនុវត្តនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិ នៅក្រោយកិច្ចប្រជុំស្តីពីនីតិវិធីការវាយតម្លៃសហព័ន្ធកីឡាជាតិត្រៀមផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយកទៅអនុវត្តកិច្ចការងារដំណើរការអភិវឌ្ឍន៍ ក្នុងសហព័ន្ធសកីឡាសម្រាប់ទិសដៅឆ្នាំ២០២៦។

     ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺដើម្បីរួមគ្នាជាគំនិតយោបលផ្តល់ជាធាតុចូលឈានទៅរកការវាយតម្លៃសហព័ន្ធកីឡាជាតិឱ្យមានតម្លាភាព និងត្រឹមត្រូវ ដោយការវាយតម្លៃដោយគណៈកម្មការអនុវត្តនិយាមវាយតម្លៃនេះ វាគឺជារបទថ្មីមួយនៃកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាទៅលើវិស័យអប់រំកាយ និងកីឡា។ ការវាយតម្លៃនេះ គឺគណៈកម្មការអនុវត្តនិយាមវាយតម្លៃ និងវាយតម្លៃដល់សហព័ន្ធកីឡាជាតិដោយពិនិត្យលើ៣ចំណុចធំៗឱ្យស្របតាមសូចនាករ និងលទ្ធផលដែលសហព័ន្ធកីឡាជាតិបានអនុវត្តកន្លងមក។

     បន្ថែមពីលើនះឯកឧត្តមពន្យល់ថា ការវាយតម្លៃមុនអនុម័តកញ្ចប់ថវិកាទម្លាក់ជូនសហព័ន្ធកីឡាជាតិ ដើម្បីយកទៅបម្រើក្នុងកិច្ចការងារអភិវឌ្ឍន៍ក្នុងសហព័ន្ធ គឺគណៈកម្មការនឹងពិនិត្យវាយតម្លៃលើលទ្ធផល ៣ចំណុចធំៗមានដូចជា ១.ពិនិត្យមើលគុណផលបច្ចេកទេសកីឡាសក្តានុពលរបស់សហព័ន្ធក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ២.ពិនិត្យវាយតម្លៃលើការរីកចម្រើន និងប្រជាប្រិយភាពរបស់សហព័ន្ធតាមរយៈការប្រកួតជាដើម។ ៣.ពិនិត្យវាយតម្លៃលើការងារគ្រប់គ្រងដឹកនាំដោយផ្តោតលើអភិបាលកិច្ចមានដូចជា ដំណើរការងារមានគណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវបានល្អ។ ចំពោះសហព័ន្ធកីឡាជាតិណា ដែលគណៈកម្មការអនុវត្តនិយាមវាយតម្លៃបានវាយតម្លៃចេញមកមិនល្អឬមាននៅមានកម្រិតនោះ អាចប្រឈមនឹងការព្យួរ និងផ្តល់កញ្ចប់ទៅតាមការអនុវត្ត។ ការវាយតម្លៃនេះ គឺជាការបង្ហាញនូវភាពយុត្តិធម៌របស់សង្គមដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

    ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចថា សហព័ន្ធកីឡាជាតិណាដែលត្រូវបានគណៈកម្មការវាយតម្លៃគ្រប់លក្ខនិ្តកៈទាំង៣ចំណុចធំៗខាងលើនេះ ប្រាកដណាស់សហព័ន្ធកីឡាជាតិទាំងនោះនឹងត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុម័តផ្តល់កញ្ចប់ថវិកាលើការងារអភិវឌ្ឍន៍ក្នុងចំនួនមួយល្អសមរម្យជាការលើកទឹកចិត្តលើការខិតខំប្រឹងប្រែង។ ការវាយតម្លៃពីគណៈកម្មការអនុវត្តនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុម័តកញ្ចប់ថវិកាជូនសហព័ន្ធកីឡាជាតិ នឹងចប់រួចរាល់នៅក្នុងអំឡុងមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕