ដូចដែលមហាជនបានជ្រាបស្រាប់ហើយជុំវិញបញ្ហាសុខភាពរបស់តារាសម្តែងជួរមុខកម្ពុជា លោក យូឌីស្កូ កាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធនឹងជំងឺធ្ងន់ធ្ងរជាច្រើន ដូចជា ក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ 

កាលនោះ នៅឆ្នាំ ២០១៨ លោកបានធ្វើការចាកចេញពីប្រទេសកម្ពុជាទៅប្រទេសឥណ្ឌា ដើម្បីធ្វើការវះកាត់ដូរក្រលៀន ដោយមានការជួយឧបត្ថម្ភថ្លៃព្យាបាលពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងការជួយពីសប្បុសជននានាផងដែរ។ ការវះកាត់របស់តារាប្រុសរូបនេះទទួលបានជោគជ័យ និងគិតមកដល់ពេលនេះ មានរយៈពេល ៧ ឆ្នាំហើយ។

យ៉ាងណាមិញកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ មហាជនបាននិងកំពុងភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត ក្រោយអ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហោះសំណេរមួយឱ្យដឹងថា ខណៈពេលនេះ លោក យូឌីស្កូ កំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ក៏ដោយសារតែជាតិពុលក្នុងខ្លួនឡើងខ្ពស់ឈានដល់កម្រិតធ្ងន់ធ្ងរតែម្តង។ នៅក្នុងការបង្ហោះសំណេរនេះ មានខ្លឹមសារថា៖ «អារម្មណ៍ខ្ញុំក្តុកក្តួលណាស់ មួយយប់គេងមិនលក់ដោយសារបានដឹងថាបងយូឌីស្កូ ត្រូវបញ្ជូនទៅប្រទេសឥណ្ឌាបន្ទាន់ ដោយសារជាតិពុលឡើងខ្លាំងកម្រិតធ្ងន់ សំឡេងបងបានប្រាប់ថាល័ក្ខអូន បងគ្មានអ្វីទៀតទេសល់តែ ៥០ ភាគរយនៃក្តីសង្ឃឹមនៅពេលនេះ»🥹។

ដោយមិនអាចទ្រាំមើលក្នុងនាមជាសិល្បៈករខ្មែរដូចគ្នា តារាសម្តែង និងចម្រៀង ទូច ស្រីល័ក្ខ ក៏បានលើកដៃសុំជំនួយជាលើកទី២ ពីសាធារណជនចូលរួមតាមសទ្ធាផងដែរ ដើម្បីជួយសង្គ្រោះជីវិតដល់លោក យូឌីស្កូ ខណៈពេលដែលប្រាក់សម្រាប់ព្យាបាលមានមិនគ្រប់គ្រាន់៕