ភ្នាក់ងារអន្តោប្រវេសន៍អាមេរិក បានបាញ់សម្លាប់ពលរដ្ឋអាមេរិកម្នាក់នៅក្នុងទីក្រុង មីនីផូលីស របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ទី23 ខែមករា ដែលបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំង និងថ្កោលទោសពីថ្នាក់ដឹកនាំក្នុងតំបន់។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើង នៅកន្លែងកើតហេតុ ខណៈដែលដែលបុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារសហព័ន្ធ ដែលនេះ ជាការបាញ់សម្លាប់មនុស្សលើកទីពីរហើយក្នុងខែនេះ អំឡុងពេល នៃការបន្តអនុវត្តច្បាប់អន្តោប្រវេសន៍នៅភាគខាងជើងទីក្រុងនេះ។ ឆ្លើយតបទៅនឹងករណីនេះ ថ្នាក់ដឹកនាំក្នុងតំបន់បានទាមទារឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកភ្នាក់ងារ 3000 នាក់ ដែលលោកបានបញ្ជាមកកាន់ទីក្រុងនេះជាបន្ទាន់ សម្រាប់ការបង្ក្រាបលើជនអន្តោប្រវេសន៍នោះ។
