មហាជនអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែល បវរកញ្ញាដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី បានបង្ហាញខ្លួនក្នុងឈុតកូនក្រមុំឥណ្ឌា ឈរផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងស្រុក នៅលើផ្លូវថ្មើរជើង Walk Street កាលពីពេលកន្លងទៅ។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដោយស្លៀក សំលៀកបំពាក់ប្រពៃណីឥណ្ឌា ប៊ី សុធារី ហាក់ចង់បង្ហាញពីចំណងមិត្តភាពដ៏ស្អិត រមួតរវាង កម្ពុជា-ឥណ្ឌា ដែលនេះមិនមែនជាចំណងមិត្តភាពថ្មីសន្លាងនោះទេ បើក្រឡេកទៅសិក្សាពីប្រវត្តិសាស្ត្រឯណោះវិញ ក៏ឃើញផងដែរថា កម្ពុជា និង ឥណ្ឌា បានមានទំនាក់ទំនងយ៉ាងស៊ីជម្រៅតាំងពីសម័យបុរាណកាលមកម្ល៉េះ។
ក្នុងនោះផងដែរ បវរកញ្ញារូបនេះ ក៏បានប្រើប្រាស់សំឡេងដ៏មានឥទ្ធិពលក្នុងនាមជា បវរកញ្ញារបស់នាង ដើម្បីស្រែកទៅកាន់ពិភពលោកឱ្យបានដឹងថា កម្ពុជា នៅតែមានសុវត្ថិភាព ចំពោះភ្ញៀវអន្តរជាតិ មកពីគ្រប់ជាតិសាសន៍ ដែលមានបំណងក្នុងការធ្វើដំណើរកម្សាន្តមកកាន់ទីនេះ ដ្បិតថា មួយរយៈកន្លងមកនេះ កម្ពុជា-ថៃ មានជម្លោះនៅតាមព្រំដែនក្តី។ បន្ថែមពីលើនេះទៀតសោត ប៊ី សុធារី ក៏បានណែនាំតំបន់ទេសចរណ៍ល្បីៗនៅព្រះរាជាណាចក្រកម្ពុជាមួយចំនួនផងដែរ រួមមានផ្លូវថ្មើរជើង Walk Street ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងរមណីយដ្ឋានជាច្រើនទៀតនៅក្នុងក្រុងសៀមរាបជាដើម។
សូមបញ្ជាក់ថា តាមរយៈការផ្សព្វផ្សាយរបស់ ប៊ី សុធារី បាននិងកំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសាធារណជន ខណៈពេលដែលបវរកញ្ញារូបនេះ ធ្លាប់ត្រូវបាន មហាជនកោតសរសើរម្តងរួចមកហើយ ទៅលើការអំពាវនាវឱ្យប្រជាពលរដ្ឋ នាំគ្នាចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
