លោក ជេន ហ្វ្រីឌឺរិក នៀលសេន នាយករដ្ឋមន្ត្រីកោះហ្រ្គីនលេន បានប្រកាសបញ្ជាក់ជាថ្មីថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់សហរដ្ឋអាមេរិកស្តីពីការគ្រប់គ្រងកោះនេះ រួមទាំងការគំរាមពន្ធប្រឆាំងនឹងប្រទេសសហភាពអឺរ៉ុបដែលប្រឆាំងនឹងសកម្មភាពរបស់អាមេរិក នឹងមិនផ្លាស់ប្តូរជំហររឹងមាំរបស់កោះហ្រ្គីនលេន ក្នុងការការពារសិទ្ធិ និងសម្រេចលើអនាគតរបស់ខ្លួនឡើយ។ ជាមួយគ្នានេះ ប្រទេសដាណឺម៉ាក ក៏កំពុងដាក់ពង្រាយគ្រឿងសព្វាវុធយោធា និងកងទ័ពទៅកាន់កោះនេះ ស្របពេលនៃការដាក់ពង្រាយដែលអាចកើតមាននៃកងកម្លាំងមកពីប្រទេសកាណាដា និងប្រទេសអឺរ៉ុបផ្សេងទៀត។ រដ្ឋមន្ត្រីការពារជាតិប្រទេសដាណឺម៉ាក លោក ត្រូអែល ឡាន់ ផូសេន បាននិយាយថា រដ្ឋាភិបាលប្រទេសដាណឺម៉ាកប្តេជ្ញាបង្កើត "វត្តមានយោធាដ៏ធំមួយ និងអចិន្ត្រៃយ៍" សម្រាប់ប្រទេសដាណឺម៉ាក និងសម្ព័ន្ធមិត្ត អង្គការណាតូ នៅក្នុង និងជុំវិញកោះហ្រ្គីនលេន ដើម្បីឆ្លើយតបចំពោះបញ្ហាបច្ចុប្បន្នដែលតំបន់អាកទិកកំពុងប្រឈមមុខ។ កោះហ្រ្គីនលេន ដែលជាកោះធំជាងគេបំផុតក្នុងពិភពលោក គឺជាទឹកដីដែលគ្រប់គ្រងដោយខ្លួនឯង នៅក្រោមប្រទេសដាណឺម៉ាកដែលរក្សាការគ្រប់គ្រងលើគោលនយោបាយការពារជាតិ និងការបរទេស។