ភ្នំពេញ៖
រដ្ឋបាលរាជធានី នៅថ្ងៃទី១៩ខែមករា ២០២៦ បានផ្តល់លក្ខខណ្ឌមួយចំនួន ជូនបងប្អូនអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ ក្នុង តំបន់ជុំវិញផ្សារដើមគ រួមមាន ៖
១. អាចមានជម្រើស ផ្លាស់ប្ដូរ ទៅ លក់ ទៅ ផ្សារដើមគថ្មី ដែលអាជ្ញាធរ ធ្លាប់សម្របសម្រួលជូនកន្លងមក រឺទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថាងាយស្រួល ប៉ុន្តែ មិនមែនលក់លើផ្លូវសាធារណៈ ។
២. ក្នុងដំណាក់កាលនេះ បើបងប្អូន មាន បញ្ហា ខ្វះខាត ជីវភាព ខ្លាំង រដ្ឋបាល រាជធានីភ្នំពេញ នឹង ជួយ ទំនុកបម្រុង ជា អង្ករ ជូន។
៣. មិនត្រូវបន្តលក់ដូរលើដងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈដាច់ខាត។
នេះ ជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ ក្នុងជំនួបជាមួយបងប្អូន អ្នក លក់ដូរ គ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគរ ។
ក្នុងកិច្ចប្រជុំជួបជាមួយអាជីវករ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែម ថា កន្លងមក អាជ្ញាធរ បានអត់ធ្មត់បំផុតចំពោះការលក់ដូរ គ្មានសណ្ដាប់ធ្នាប់នេះ ព្រោះ គិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ ផ្លាស់ប្ដូរ ជូនបាន។ ប៉ុន្តែពេលនេះ រដ្ឋបាល រាជធានីភ្នំពេញបានរកទីតាំងសមស្រប និង មានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារដើមគថ្មី ហើយ បើបងប្អូន មិន ចង់ទៅផ្សារថ្មីនោះ បងប្អូនអាចរកទីតាំងឯកជនណាផ្សេងទៀតក៏បាន តែហាមដាច់ ខាត មិនឱ្យលក់លើដងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈឡើយ។ សូមបងប្អូន ចូលរួមសហការ ជាមួយ អាជ្ញាធរ ដើម្បីលើកកម្ពស់ សោភ័ណភាព និង សណ្ដាប់ ធ្នាប់ សាធារណៈ របស់ រាជធានីភ្នំពេញយើង ។ នៅរសៀលថ្ងៃដដែល ឯកឧត្តមឃួង ស្រេង នឹងអញ្ជើញជួបសំណេះសំណាលសម្រប សម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្បែរផ្សារដើមគរក្នុងខណ្ឌទួលគោកបន្តទៀតដែរ៕
