ថ្លែងក្នុងសុន្ទរកថាឆ្នាំថ្មី លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបន្តជំរុញកងទ័ពរបស់លោកដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន និងថា លោកជឿជាក់លើពួកគេ ក្នុងការទទួលបានជ័យជំនះនៅក្នុងប្រតិបត្តិការយោធាពិសេសមួយនេះ។ ខណៈដែលកងទ័ពរុស្ស៊ីកំពុងឈានទៅមុខយឺតៗ ប៉ុន្តែទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងប្រទេសអ៊ុយក្រែននោះ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ពីការធានានូវអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសរុស្ស៊ី ព្រមទាំងបានហៅកងទ័ពដែលកំពុងប្រយុទ្ធថាជាវីរបុរសរបស់រុស្ស៊ី។ គួរបញ្ជាក់ផងដែរថា សុន្ទរកថាឆ្នាំថ្មីរបស់លោកប្រធានាធិបតី ពូទីន ធ្វើឡើង បន្ទាប់ពីការចេញផ្សាយវីដេអូពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើលំនៅដ្ឋានរបស់លោកប្រធានាធិបតី ពូទីន ដែលរុស្ស៊ីចោទប្រកាន់ថាជាទង្វើរបស់អ៊ុយក្រែននោះ។ តែយ៉ាងណាមិញ ទីក្រុងគៀវបានច្រានចោលការចោទប្រកាន់នេះ ថាជាការកុហក រកលេស ដើម្បីបន្តការវាយប្រហារឈ្លានពាន និងបំផ្លាញការចរចាសន្តិភាព។