កោះតៃវ៉ាន់ កំពុងតាមដានសកម្មភាពយោធា «មិនប្រក្រតី» របស់ប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតលើឧត្តមសេនីយ៍យោធារបស់ខ្លួន
មេដឹកនាំយោធាកោះតៃវ៉ាន់ លោក វែលលីងថុន គូ បានបញ្ជាក់ថា កោះតៃវ៉ាន់ កំពុងតាមដានអ្វីដែលខ្លួនហៅថា ជាការផ្លាស់ប្តូរ «មិនប្រក្រតី» ចំពោះមេដឹកនាំយោធារបស់ប្រទេសចិន បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតរបស់ប្រទេសចិន ស្ថិតនៅក្រោមការស៊ើបអង្កេត។ ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ទី24 ខែមករាថា លោក ចាង យូសៀរ ដែលជាមេបញ្ជាការរងបន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺលោក លីវ ចេនលី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការរំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា លោក ចាង ត្រូវបានគេមើលឃើញជាយូរមកហើយ ថាជាសម្ព័ន្ធមិត្តយោធាជិតស្និទ្ធបំផុតរបស់លោកប្រធានាធិបតី ស៊ី ហើយក៏ជាមន្ត្រីជាន់ខ្ពស់ចិនម្នាក់ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនតូច ដែលមានបទពិសោធន៍ប្រយុទ្ធខ្លាំងជាងគេ។