ភ្នំពេញ៖ កីឡាកងយោធពលខេមរភូមិន្ទ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ទាំងក្របខណ្ឌកីឡាកងទ័ព និងក្រុមជម្រើសជាតិនានា ដោយដណ្ដើមបានមេដាយសរុប ៣៨៣គ្រឿង (មាស ១២៨ ប្រាក់ ១២៥ និងសំរឹទ្ធ ១០០) ព្រមទាំងខ្សែក្រវាត់ចំនួន ៣៧គ្រឿង និងពានចំនួន ២០គ្រឿង ក្នុងឆ្នាំ២០២៥ ពោលគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទទួលបានក្នុងឆ្នាំ២០២៥ ដែលស្ដែងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ នៃកីឡាកងយោធពលខេមរភូមិន្ទ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រោយទទួលបានសមិទ្ធផលជាច្រើន ឆ្នាំ២០២៦ នេះ កីឡាកងយោធពលខេមរភូមិន្ទ នឹងមានបេសកកម្មជាច្រើនទៀត ដែលត្រៀមចូលរួម ទាំងក្របខណ្ឌកីឡាកងទ័ព និងក្របខណ្ឌជម្រើសជាតិ ជាមួយសហព័ន្ធកីឡាជាតិនានា។ ដូច្នេះជាទិសដៅក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នឹងបន្ដពង្រឹងការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ដើម្បីធានាបាននូវការបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកម្រិតខ្ពស់ ត្រៀមឆ្ពោះទៅចូលរួមការប្រកួតទាំងអស់នោះ ហើយនាំមកនូវកិត្តិយសជូនអង្គភាព និងជូនជាតិបន្ថែមទៀត។
បន្ថែមលើនេះ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ក៏ត្រៀមបន្ដកិច្ចសហការល្អ ជាមួយក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រប់សហព័ន្ធកីឡាជាតិ ក៏ដូចជាស្ថាប័នអន្ដរជាតិ ដើម្បីស្វែងរកជំនួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស សម្ភារៈ និងធនធាន សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យកីឡា ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន។ លើសពីនេះក្រុមប្រឹក្សាកងយោធពលខេមរភូមិន្ទ ក៏មានផែនការបណ្ដុះបណ្ដាលថ្នាលបន្ដវេន តាមប្រភេទកីឡានីមួយៗ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។
យ៉ាងណាមិញ ក្នុងចំណោមសមិទ្ធផលប្រចាំឆ្នាំ២០២៥ ដែលក្រុមកីឡាកងយោធពលខេមរភូមិន្ទទទួលបាន សម្រាប់ការប្រកួតក្នុងស្រុក ទទួលបានមេដាយសរុប ២៩៧គ្រឿង (មាស ១៣០, ប្រាក់ ៩០ និងសំរឹទ្ធ ៧៧) ព្រមទាំងខ្សែក្រវាត់ ៣០ និងពានចំនួន ១៨។ រីឯសមិទ្ធផលពីការប្រកួតក្រៅស្រុក រួមមានមេដាយសរុប ៨៦គ្រឿង (មាស ២៨ ប្រាក់ ៣៥ និងសំរឹទ្ធ ២៣) អមជាមួយខ្សែក្រវាត់ចំនួន ៧ និងពានចំនួន ២៕

