ប្រធានសហព័ន្ធកីឡាសីដក់កម្ពុជា ឯកឧត្តម សុខ យ៉ានិមល និងឯកឧត្តមបណ្ឌិត មាស សារិន ជាប្រធានកិត្តិយសរបស់សហព័ន្ធបានអញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៣៣ ប្រចាំឆ្នាំ២០២៥ នៅទីលានសាលដំរី (ពហុកីឡដ្ឋានជាតិមរតកតេជោ)នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ចុងសប្ភាហ៍កន្លងមក ។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៩៣នាក់ ក្នុងនោះស្រីចំនួន១៤នាក់ មកពីក្រសួង ស្ថាបន្ន និងក្លឹបចំនួន៧ ចែកចេញជា៣វិញ្ញាសាប្រកួតៈ ៣នាក់ទល់៣នាក់បុរស ២នាក់ទល់២នាក់(បុរស-នារី) គោលបំណងនៃការប្រកួតគឺ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ក្នុងការត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២៦ សម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា ឆ្នាំ២០២៦ ក៏ដូចជាការប្រកួតកម្រិតអាស៊ី នៅប្រទេសជប៉ុន  និងប្រកួតអន្តរជាតិនៅម៉ាឡេស៊ីផងដែរ ។ ឆ្លងតាមការប្រកួតជាលទ្ធផលវិញ្ញសានារី២នាក់ទល់២នាក់៖ចំណាត់ថ្នាក់លេខ១ ក្រសួងការពារជាតិ 

ចំណាត់ថ្នាក់លេខ២ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ចំណាត់ថ្នាក់លេខ៣ ក្រសួងមហាផ្ទៃ។

-វិញ្ញាសាបុរស ២នាក់ទល់២នាក់ ចំណាត់ថ្នាក់លេខ១ ក្រសួងមហាផ្ទៃ 

ចំណាត់ថ្នាក់លេខ២ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ចំណាត់ថ្នាក់លេខ៣ ក្រសួងការពារជាតិ។

 -វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ ក្រសួងការពារជាតិ

ចំណាត់ថ្នាក់លេខ២ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ចំណាត់ថ្នាក់លេខ៣ ក្រសួងមហាផ្ទៃ

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានសហព័ន្ធក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ និងសីមេលោងជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៣៣ ប្រចាំឆ្នាំ២០២៥ បានបញ្ចប់ដោយរលូន និងជាស្ថាពរនៅពេលនេះ។

 ឯកឧត្តមបានបន្តទៀតថា ការប្រកួតនេះបានផ្តល់ឱកាសដើម្បីឱ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត ៕