ក្រសួងការបរទេសប្រទេសរុស្ស៊ីបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះ «ទង្វើឈ្លានពានប្រដាប់អាវុធ» របស់អាមេរិកលើប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរូ។ យោងតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងស្ថានភាពបច្ចុប្បន្ន វាជារឿងសំខាន់ណាស់ក្នុងការទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃភាពតានតឹង និងផ្តោតលើការស្វែងរកផ្លូវចេញ តាមរយៈការសន្ទនា» ទន្ទឹមនឹងនេះ យើងក៏អំពាវនាវឲ្យមានការបំភ្លឺជាបន្ទាន់អំពីការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរូ ខណៈដែលសកម្មភាពនេះ គឺជាការរំលោភបំពានដែលមិនអាចទទួលយកបានលើអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យមួយ ដែលជាគោលការណ៍ដ៏សំខាន់នៃច្បាប់អន្តរជាតិ»។ ជាមួយគ្នានេះ ក្រសួងការបរទេសប្រទេសចិន ក៏បានប្រកាសថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ូអេឡា ថាជាទង្វើរំលោភបំពានយ៉ាងខ្លាំងលើច្បាប់អន្តរជាតិ។ យោងតាមក្រសួងការបរទេសប្រទេសចិន "ប្រទេសចិនមានការភ្ញាក់ផ្អើល និងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដោយចេតនារបស់អាមេរិក ប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងការចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសនេះ"។
